ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ប្រទេសកម្ពុជាយើងបានខិតខំពុះពារសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ !!!!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ប្រទេសកម្ពុជាយើងបានខិតខំពុះពារសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ !!!!!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អាទិត្យ ៩ រោច ខែ បុស្ស ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៣
ព័ត៌មានជាតិ
រាជធានីភ្នំពេញះ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកាងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣
របស់គណៈកម្មការ ក.២៦.១៣ (ទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣)៖
ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណៈកម្មការ ក.២៦.១៣ ទាំងអស់ ដែលនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងការលះបង់ដ៏ធំធេង ដោយយកអស់គ្រប់លទ្ធភាព ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន រហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ទាំងលើការងាររៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំងបក្ស, ការងារគ្រប់គ្រង និងពង្រីកសមាជិកបក្ស, ការងារអប់រំសតិអារម្មណ៍នយោបាយ និងការងារចុះពង្រឹងនៅតាមមូលដ្ឋាននៅទូទាំងប្រទេស។
ហើយសភាពការណ៍ជាតិបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណើរបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពសុទិដ្ឋិនិយមលើមាគ៌ាសន្តិភាព, ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ព្រមជាមួយនឹងភាពលេចឡើងខ្ពស់ត្រដែតនៃកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ទោះបីកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាលើសាកលលោក ត្រូវបន្តទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ហើយខណៈដែលការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏នៅតែបន្ត និងពុំអាចទាន់កំណត់ពេលវេលាបញ្ចប់ច្បាស់លាស់នៅឡើយ។ ជាក់ស្តែង ក្នុងពេញមួយឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសកម្ពុជាយើងបានខិតខំពុះពារសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ជាអាទិ៍៖ (១) ការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ប្រជាជន ក្រោមម្លប់នៃកម្លាំងមហាសាមគ្គីជាតិទាំងមូល, (២) ជោគជ័យដ៏ត្រចះត្រចង់នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរាជការ, អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ, (៣) ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ប្រមាណ ៥,៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថានឹងសម្រេចកំណើនបានប្រមាណ ៦,៦% ក្នុងឆ្នាំ២០២៣, (៤) ការធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះដែលទទួលរងឥទ្ធិពលខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែកសង្គមកិច្ច, (៥) ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រាក់សោធនរបស់និវត្តជន និងអតីតយុទ្ធជន ដែលត្រូវអនុវត្តចាប់ខែមករា ឆ្នាំ២០២៣ នេះ ព្រមជាមួយនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរដល់ ២០០ USD ផងដែរ, (៦) ប្រក្រតីភាពនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សតាមគន្លងនីតិរដ្ឋ ដូចបានឆ្លុះបញ្ចាំងតាមរយៈការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌, (៧) ជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ប្រមុខថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលជាច្រើនមកពីក្នុងតំបន់ និងក្រៅតំបន់។ ពិតណាស់ និយាយក្នុងក្របខ័ណ្ឌជារួម, សមិទ្ធផលទាំងអស់ខាងលើនេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ក៏ដូចជាសមាជិក-សមាជិកាគណៈកម្មការ ក.២៦.១៣ នៅទូទាំងប្រទេស។
ដូចនេះសូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងខិតខំប្រឹងប្រែងសម្រេចភារកិច្ច ទាំងលើការងារស្នូល និងការងារបក្ស សំដៅធ្វើយ៉ាងណាថែរក្សាការពារនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាដំណើរការអភិវឌ្ឍន៍ទៅមុខរបស់ប្រទេសជាតិយើង ដែលកំពុងតែបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ៕
ដោយះ មជ្ឈមណ្ឌលព័ត៏មាន ឈុន ព្រជ្រ ជាយដែន