ព័ត៌មានជាតិ

សមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំកម្មវិធីរាត្រីសមោសរ ក្រោមប្រធានបទ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា”ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី !!!!!

សមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំកម្មវិធីរាត្រីសមោសរ ក្រោមប្រធានបទ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា”ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អាទិត្យ ៧ រោច ខែ មាឃ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៣

រាជធានីភ្នំពេញះ


នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលដឺព្រីមៀសែនសុខ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំកម្មវិធីរាត្រីសមោសរ ក្នុងគោលបំណង ដើម្បីបង្កើននូវភាពស្និទ្ធស្នាលរវាងសមាជិក សមាជិកាទាំងអស់ និងដើម្បីចូលរួមស្វែងយល់ថែមទៀតអំពីបុព្វហេតុ និងគោលបំណងរបស់សមាគម ក៏ដូចជាការឆ្លុះបញ្ចាំងអំពីសកម្មភាពកន្លងមក និងទិសដៅរបស់សមាគម ។ ម្យ៉ាងវិញទៀត កម្មវិធីរាត្រីសមោសរនេះ ក៏ដើម្បីកៀរគរនូវវិភាគទានស្ម័គ្រចិត្តពីសមាជិកសមាជិកាគាំទ្រក៏ដូចជាការចូលរួមចំណែកពីសប្បុរសជននានា ដើម្បីបន្តគាំទ្រទិសដៅសកម្មភាពឆ្នាំ២០២៣ របស់សមាគម ជាពិសេសការបំផុសចលនា “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា”។

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃគណៈកម្មាធិការប្រតិបត្តិសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំណរព្រះគុណចំពោះការប្រោសព្រះរាជទានទំនុកបម្រុងគាំទ្រ និងការចង្អុលបង្ហាញបំភ្លឺផ្លូវដ៏ឧត្តុង្គឧត្តមបំផុតពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សមាគមកាយឫទ្ធិនារីកម្ពុជា, ដែលបានជ្រោមជ្រែងឱ្យសមាគមអាចបង្កើនសន្ទុះការងារដោយសម្រេចបានវឌ្ឍនភាពលើសកម្មភាពជាច្រើនគួរឱ្យកត់សម្គាល់ ដែលរួមមានទាំងលើការអនុវត្តការងារប្រចាំថ្ងៃរបស់សមាគម, កម្មវិធីបញ្ចូលសមាជិកថ្មី, ការអប់រំបណ្តុះបណ្តាល, ការចូលរួមថែរក្សាបរិស្ថាន, ការងារពាក់ព័ន្ធសុខភាព និងសុវត្ថិភាព, សកម្មភាពវប្បធម៌ សិល្បៈ ប្រពៃណី និងសិប្បកម្ម, ការហាត់សម្ដែងរបាំរបស់ក្រុមកុមារី យុវតី, ការរៀបចំពិធី Thinking Day, កម្មវិធីផ្សព្វផ្សាយអំពីប្រវត្តិ និងចលនារបស់សមាគមកាយឫទ្ធិកម្ពុជា, ការចុះព្យាបាលជំងឺទូទៅ និងពិនិត្យសុខភាពមាត់ធ្មេញ ។ល។

គិតមកដល់បច្ចុប្បន្ននេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីបញ្ចូលសមាជិកថ្មីចំនួន ០៤ លើកបន្ថែមទៀត ដែលធ្វើឱ្យសមាជិក សមាជិកា សរុបរបស់សមាគមកើនឡើងដល់ ចំនួន ១,៩៩៩នាក់។  ហើយអ្វីដែលជាមោទកភាពប្រកបដោយកិត្តិយសបំផុតនោះ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់សមាគមមិត្តកាយឫទ្ធិនារីពិភពលោកប្រចាំអាស៊ីប៉ាស៊ីហ្វិក FAWP បានសម្រេចឱ្យសមាគមកាយឫទ្ធិនារីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី៧ នាអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងទឹកដីខេត្តសៀមរាប ដែលជាការជួបប្រជុំកម្រិតអន្តរជាតិថ្នាក់តំបន់មួយ និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា។

ជំទាវ បណ្ឌិត អគ្គស្នងការនៃគណៈកម្មាធិការប្រតិបត្តិ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា​សកម្ម និងគាំទ្រទាំងអស់ ដែលបានចូលរួមក្នុងការគាំទ្រ និងចែករំលែកទាំងចំណេះដឹង ពេលវេលា សម្ភារ និងថវិកា ក្នុងការជួយដល់កុមារី យុវតី តាមរយៈសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងប្តេជ្ញានឹងប្រើប្រាស់ជំនួយពីសប្បុរសជននានា ដើម្បីបម្រើដល់សកម្មភាព និងគាំទ្រឱ្យកិច្ចដំណើរការរបស់សមាគមឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តជួយអភិវឌ្ឍថាមពលរបស់កុមារី យុវតីខ្មែរ ឱ្យមានអនាគតល្អ និងក្លាយជាធនធានមួយដ៏ចាំបាច់ក្នុងការកសាងប្រទេសជាតិយើងតទៅមុខទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា  និងអធិការកិច្ច បានបង្ហាញការស្ញប់ស្ញែង និងសូមវាយតម្លៃខ្ពស់ចំពោះភាពឆ្នៃប្រឌិត ភាពសកម្ម និងចលនាផុសផុលរបស់សមាគម រាប់ចាប់តាំងពីអាណត្តិនៃគណៈកម្មាធិការប្រតិបត្តិសមាគមកាយឫទ្ធិនារីកម្ពុជា ដែលក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះយើងទទួលបានលទ្ធផលគួរជាទីមោទនៈ ក៏ព្រោះតែមាន ទាំងនេះបានបង្ហាញឲ្យឃើញពីអ្នកដឹកនាំគ្រប់គ្រងល្អ មានសាមគ្គីភាពល្អ មានភាពរឹងមាំ និងមានចក្ខុវិស័យវែងឆ្ងាយ ។ លោកជំទាវបានគាំទ្រ និងកោតសរសើរចំពោះលោកជំទាវ ពេជ ចន្ទមុន្នី និងគណៈកម្មាធិការប្រតិបត្តិសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្ពោះទៅភាពជោគជ័យ ដើម្បីបន្តរួមចំណែក ជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍធនធានកុមារី យុវតី និងស្របតាមគោល ការណ៍សមាគមកាយឫទ្ធិនារីពិភពលោក។ បន្ថែមពីនេះសមាគមបានបង្កលក្ខណៈ ដល់កុមារី និងយុវតីយើង បានប្រើប្រាស់សក្ដានុពល និងសមត្ថភាពរបស់ពួកគេបានពេញលេញ ក្នុងនាមជាពលរដ្ឋល្អ មានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះសង្គម ប្រទេសជាតិ និងពិភពលោក ហើយស្របតាមគោលនយោបាយអភិវឌ្ឍន៍ស្ដ្រីកម្ពុជារបស់រាជរដ្ឋាភិបាល។

សូមជម្រាបផងដែរថា ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិក សមាជិកាម្នាក់ៗ ដោយមិនមានការបង្ខិតបង្ខំក្នុងរូបភាពណាមួយឡើយ និងមិនមានប៉ះពាល់ដល់ការសិក្សា ឬបំពេញការងាររបស់សមាជិក សមាជិកាម្នាក់ៗនោះទេ។ បន្ថែមពីនេះ ចលនាកាយឫទ្ធិនារី មិនត្រឹមតែមានគោលដៅផ្ដល់ភាពសប្បាយរីករាយសម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយដែលផ្ដល់ឱកាសឱ្យកុមារី​ និងយុវតីសាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ ៕


ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button