ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវផ្សារភ្ជាប់ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម មានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មទាំងក្នុងស្រុក ក្នុងតំបន់ និងសកលលោក !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវផ្សារភ្ជាប់ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម មានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មទាំងក្នុងស្រុក ក្នុងតំបន់ និងសកលលោក !!!!!

ដោយះ លោក ណាង រដ្ឋា
ផ្សាយថ្ងៃ ចន្ទ ៨ កើត ខែ កក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២០ ខែ វិឆ្ឆិកា ឆ្នាំ ២០២៣

រាជធានីភ្នំពេញះ


នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជាកម្មវិធីគោលនយោបាយអាទិភាព នៅក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣ ។

នៅក្នុងពិធីប្រកបដោយអត្ថន័យឧត្តុង្គឧត្តមនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យណាមួយតែមួយមុខនោះឡើយ យើងចាំបាច់ត្រូវមានពិពិធកម្ម ព្រមជាមួយនឹងការព្យាយាមធ្វើទំនើបកម្មវិស័យនានា ក្នុងនោះវិស័យកសិកម្ម ត្រូវធ្វើទំនើបកម្មពីកសិកម្មដែលពឹងផ្អែកដោយពលកម្មតាមបែបប្រពៃណី ទៅជាកសិកម្មដែលពឹងផ្អែកលើជំនាញ, បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់ ។ ទន្ទឹមនេះ យើងក៏ត្រូវផ្សារភ្ជាប់វិស័យកសិកម្មរបស់យើង ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែច្រវាក់ផលិតកម្ម ទាំងក្នុងស្រុក, ក្នុងតំបន់ និងសកលលោក ផងដែរ ។

សម្តេចធិបតី បានបន្តធ្វើការគូសបញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យក្លាយជាកសិកម្មតាមបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាស្រ័យលើតួអង្គចំនួន ៣ គឺ៖

តួអង្គទី១ ជាអ្នកប្រតិបត្តិផ្ទាល់ តួអង្គនេះមានការខិតខំ និងឆន្ទៈមោះមុតរួចទៅហើយនៅក្នុងការធ្វើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន ក៏ប៉ុន្តែត្រូវព្យាយាមបន្ថែមទៀតក្នុងការប្រទាក់ក្រឡាគ្នា, បំពេញបន្ថែមឱ្យគ្នា, និងជាពិសេស ត្រូវមានផលប្រយោជន៍រួមគ្នា ទើបអាចកៀរគរបាននូវកម្លាំងរួម សម្រាប់អភិវឌ្ឍវិស័យនេះ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងលើកកម្ពស់ការចងក្រងប្រតិបត្តិករទាំងអស់ ទាំងប្រជាកសិករ និងបណ្តាសហគ្រាសជារចនាសម្ព័ន្ធ ដូចជា សហគមន៍កសិកម្ម ឬជាសហគ្រាស ដើម្បីគ្រប់គ្រងទីផ្សារ និងផ្សារភ្ជាប់ជាមួយវិស័យឯកជនដទៃទៀតឱ្យកាន់តែមានភាពជិតស្និទ្ធគ្នា ព្រមទាំងឱ្យរាជរដ្ឋាភិបាលអាចជួយអន្តរាគមន៍បានឆាប់រហ័ស និងមានប្រសិទ្ធភាព ទាំងលើការផ្តល់ជំនួយបច្ចេកទេស, ការប្រឹក្សាយោបល់, និងការផ្តល់ឥណទាន ជាដើម។ លើសពីនេះ ប្រតិបត្តិករទាំងអស់ក៏នឹងមានអំណាចចរចាទីផ្សារ ព្រមទាំងអាចអនុវត្តតាមកិច្ចសន្យាផលិតកម្ម បើកឱកាសក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មដល់ទីផ្សារធំៗ ដូចជា នៅតាមបណ្តាផ្សារទំនើប និងនាំចេញទៅកាន់ទីផ្សារបរទេស ទៀតផង ។

តួអង្គទី២ គឺជារាជរដ្ឋាភិបាល ដែលមានតួនាទីជាអ្នកតម្រង់ទិសដៅ និងជួយសម្របសម្រួលដល់ការអភិវឌ្ឍវិស័យនេះ ជាអាទិ៍ ជាអ្នកផ្តល់ប្រឹក្សា និងជាអ្នកផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញប្បទាន, និងបច្ចេកទេស ព្រមទាំងធ្វើការចរចាជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា មានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាដើិម ។ ជាងនេះទៅទៀត ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់ចេញនេះ គឺដើម្បីរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាម៉េរិក និងការដាក់ពង្រាយមន្រ្តីកសិកម្មរហូតដល់ថ្នាក់មូលដ្ឋាន ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការធ្វើឱ្យការប្រកួតប្រជែងក្នុងទីផ្សារសេរីនេះ កាន់តែស្មើភាព យុត្តិធម៌ និងបរិយាបន្ន ។

តួអង្គចុងក្រោយ គឺអតិថិជន ដែលជាអ្នកជួយគាំទ្រដល់ផលិតផលខ្មែរ ជាអ្នកជួយដល់ប្រជាកសិករ និងសេដ្ឋកិច្ចជាតិទាំងមូល ។ ត្រង់ចំណុចនេះ សម្តេចធិបតី បានអំពាវនាវដល់ប្រជាជនទាំងអស់ ដែលជាអតិថិជន សូមបន្តផ្តល់ការគាំទ្រកាន់តែខ្លាំងថែមទៀតដល់ផលិតផលកសិកម្មកម្ពុជា ព្រមទាំងស្នើគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មន្រ្តីកសិកម្ម ដែលនឹងត្រូវដាក់ពង្រាយទៅដល់មូលដ្ឋានផ្ទាល់ សូមបង្កើត និងផ្សព្វផ្សាយនូវវប្បធម៌ «យកគុណភាព ជាជាងយកបរិមាណ» ទៅកាន់ប្រជាកសិករទាំងអស់ ដើម្បីធានាថា ផលិតផលខ្មែរមានគុណភាព, មិនប៉ះពាល់ដល់សុខភាព ហើយថែមទាំងមានតម្លៃសមរម្យ ។

ក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានធ្វើការអបអរសាទរអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះ «ពានរង្វាន់មាស» ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទ អង្ករសគ្រាប់វែងចិន-អាស៊ានលើកទី ១ ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្រ្តស្រូវនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ខេត្តគ័ងស៊ី ប្រទេសចិន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។ ការណ៍នេះ គឺជាកិត្តិយស និងមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាកសិករ និងវិស័យកសិកម្មកម្ពុជា ក្រោយពីអង្ករពូជស្រូវផ្ការំដួលកម្ពុជាបានឈ្នះ «ពានរង្វាន់អង្ករល្អដាច់គេ» ចំនួន ៥ លើក ក្នុងរយៈពេល ១០ ឆ្នាំនៃការចូលរួមប្រកួតប្រជែងអង្កររបស់កម្ពុជានៅលើឆាកអន្តរជាតិ ៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button