ច្បាប់ផ្សេងៗព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធ Online លើ អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ !!!!

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធ Online លើ
អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ !!!!

ដោយ៖ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ សុក្រ ១៥ រោច ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ៖

កាលពី ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាទ្វេភាគីតាមប្រព័ន្ធ Online ជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ លីវ ចេន លី (Liu Zhen Li) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះទំនាក់ទំនងមិត្តភាពប្រកបដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍរីកចម្រើនរួមគ្នា និងការរួមសុខរួមទុក្ខ លើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដូចដែលស្តែងឡើងតាមរយៈ កិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ កន្លងមកនេះ ។

ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ចិន និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ដែលបានដំណើរការបោះជំហានរីកចម្រើនទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកទាំងពីរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ដំណើរការទៅមុខនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ។

នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខសាកល និងតំបន់ ដែលកំពុងកើតមានឡើង និងបានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដើម្បីបន្តចូលរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា ។

នៅក្រោយជំនួបពិភាក្សាទ្វេភាគីនេះ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ចិន បានសម្រេចចុះហត្ថលេខារួមគ្នាលើ “អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន” ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាងកងទ័ពជើងគោកទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ ឯកសារនេះគឺជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍នេះ អាចចាត់ទុកថាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរផងដែរ ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button