ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងរៀបចំការចុះបញ្ជីអ្នកប្រកបការងារ-មុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីផ្ដល់ការគាំពារសង្គមឱ្យបានគ្រប់ជ្រុងជ្រោយ !!!!!

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងរៀបចំការចុះបញ្ជីអ្នកប្រកបការងារ-មុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីផ្ដល់ការគាំពារសង្គមឱ្យបានគ្រប់ជ្រុងជ្រោយ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សុក្រ ១ រោច ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២៣

(រាជធានីភ្នំពេញ)៖

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែលើកឡើងពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋមិនដាច់ពីមាត់ឡើយ ជាក់ស្ដែងក្រៅពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលប្រកបការងារផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ រាជរដ្ឋាភិបាលនីតិកាលទី៧ក៏កំពុងគិតគូរដល់ប្រជាពលរដ្ឋដែលប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀតដែរ ដើម្បីផ្ដល់ការគាំពារសង្គមឱ្យបានគ្រប់ជ្រុងជ្រោយ និងចំគោលដៅ។

ការបញ្ជាក់យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១.៨ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧នឹងខិតខំបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីតបស្នងនឹងការបោះឆ្នោតគាំទ្រ ក៏ដូចជាការផ្ដល់សេចក្ដីទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផងដែរ។ ដូច្នេះក្រៅពីការយកចិត្តទុកដាក់គាំពារ និងផ្ដល់អត្ថប្រយោជន៍ជូនកម្មករនិយោជិតដែលប្រកបការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយនោះ រាជរដ្ឋាភិបាលថ្មីក៏កំពុងគិតគូរដល់អ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាលក៏បានគិតគូរដល់ប្រជាពលរដ្ឋដែលជាអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់បានចុះបញ្ជីក្នុងប្រព័ន្ធ និងបានទទួលអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល ព្រោះប្រសិនបើពួកគាត់នៅក្រៅប្រព័ន្ធ យើងពិបាកក្នុងការគ្រប់គ្រងចំនួនទិន្នន័យ និងផ្ដល់ការគាំពារដល់គាត់មិនគ្រប់ជ្រុងជ្រោយ មិនចំគោលដៅឡើយ»។

ឯកឧត្តមបណ្ឌិតបានបន្តថា ការរៀបចំចុះបញ្ជីអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍នេះ គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ។ អ្វីដែលតែក្រសួង/ស្ថាប័នពាក់ព័ន្ធត្រូវធ្វើនោះ គឺការខិតខំបង្ហាញអំពីការគាំពារសង្គម ការផ្ដល់អត្ថប្រយោជន៍នានា និងការអនុគ្រោះមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋបានឃើញ ហើយអាចស្ម័គ្រចិត្តចូលរួមចុះបញ្ជីជាបន្តបន្ទាប់។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានលើកអនុសាសន៍៣ចំណុចដល់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាប្រធានគណៈកម្មាធិការគោលនយោបាយជាតិ ដើម្បីគិតគូរជូនអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ រួមមានដូចតទៅ៖

ទី១. សូមគិតគូរអំពីការកាត់បន្ថយនីតិវិធីនៃការចុះបញ្ជី ការបំពេញបែបបទ និងកាត់បន្ថយការបង់សេវាផ្សេងៗ ដើម្បីឱ្យអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ងាយស្រួលក្នុងការចូលរួមចុះបញ្ជី។

ទី២. សូមពិនិត្យមើលការលើកលែងការផាកពិន័យ និងបំណុលទាំងអស់ ក្នុងពេលដំណាក់កាលណាមួយ ដើម្បីកុំឱ្យពួកគាត់ព្រួយបារម្ភរឿងជាប់ពិន័យពន្ធ នៅពេលមកចុះបញ្ជីនោះ។ ឯកឧត្តមបណ្ឌិតបានពន្យល់បន្ថែមថា «ភារកិច្ចរបស់រាជរដ្ឋាភិបាល មិនមែនឱ្យពួកគាត់ចុះបញ្ជីហើយច្របាច់កគាត់ទេ គឺដើម្បីជួយពួកគាត់ ព្រោះយើងជួយប្រជាជន ប្រជាជនជួយយើងវិញ តាមរយៈជួយសេដ្ឋកិច្ចជាតិរឹងមាំ ហើយជឿទុកចិត្តលើយើង»។

ទី៣. សូមពិនិត្យលើការលើកទឹកចិត្តផ្នែកពន្ធដារ លើកលែងការពិន័យ និងលើកលែងទោសទណ្ឌផ្សេងៗ ឬក៏បំណុលពន្ធជាដើម ទៅតាមលទ្ធភាពដែលអាចធ្វើបាន។ ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា «យើងអាចកំណត់រយៈពេលវែងណាមួយ ដើម្បីលើកទឹកចិត្តឱ្យគាត់ចូលរួមចុះបញ្ជីបណ្ដើរៗ»។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចថា «វិស័យទេសចរណ៍ ជាវិស័យអាទិភាពសំខាន់មួយក្នុងការចុះបញ្ជីអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ»។ ឯកឧត្តមបណ្ឌិតបានណែនាំដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ឱ្យជួបប្រជុំជាមួយក្រុមហ៊ុនឯកជនវិស័យទេសចរណ៍ ដើម្បីស្ដាប់ពីមតិយោបល់របស់ពួកគេ ថាយល់យ៉ាងណា ឬមានសំណូមពរយ៉ាងណាចំពោះការចុះបញ្ជីនេះ។

មួយវិញទៀត ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីក៏នឹងលើកអំពីប្រធានបទនេះនៅក្នុងវេទិកាសេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន នៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីផ្លាស់ប្ដូរមតិយោបល់ជាមួយវិស័យ​ឯកជន អ្នកប្រកបអាជីវកម្មដោយផ្ទាល់៕

ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button