សម្តេចធិបតី ហ៊ុន ម៉ាណែត និងទូតអាមេរិក ឯកភាពគ្នាពន្លឿននីតិវិធីទទួលខ្មែរដែលបញ្ជូនពីអាមេរិក និងសម្របសម្រួលរកអដ្ឋិធាតុទាហានអាមេរិក !!!!!
សម្តេចធិបតី ហ៊ុន ម៉ាណែត និងទូតអាមេរិក ឯកភាពគ្នាពន្លឿននីតិវិធីទទួលខ្មែរដែលបញ្ជូនពីអាមេរិក និងសម្របសម្រួលរកអដ្ឋិធាតុទាហានអាមេរិក !!!!!
ដោយះ លោក ភៀង សុភា
ផ្សាយថ្ងៃ ពុធ ១៣ កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៣
(រាជធានីភ្នំពេញ)៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាតទ្រី មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានឯកភាពគ្នាពន្លឿននីតិវិធីនានា ដើម្បីទទួលពលរដ្ឋខ្មែរដែលបញ្ជូនពីអាមេរិក និងសម្របសម្រួលកិច្ចការពាក់ព័ន្ធការរុករកអដ្ឋិធាតុទាហានរបស់អាមេរិកពលីជីវិតក្នុងពេលសង្គ្រាម។
ការឯកភាពនេះបានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកឯកអគ្គរដ្ឋទូតអាមេរិក នៅវិមានសន្តិភាពនាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
យោងតាមក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធិបតី បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍លោកឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានជម្រាបពីលទ្ធផលល្អ ដែលសម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពីជំនួបទ្វេភាគីនានា នៅទីក្រុងញូវយ៉ក។ ជាពិសេសជំនួបទ្វេភាគីជាមួយលោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ (១) ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន, (២) ការការពារបរិស្ថានប្រកបដោយចិរភាព, (៣) ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង (៤) ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាជាដើម។
ពាក់ព័ន្ធការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ, ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោលគឺ៖ (១) ពន្លឿននីតិវិធីក្នុងការកំណត់អត្តសញ្ញាណ និងការរៀបចំបញ្ជូនពលរដ្ឋខ្មែរ មកកម្ពុជា, (២) ធ្វើសាមញ្ញកម្មនីតិវិធី នៅពេលបញ្ជូន និង (៣) រៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វីសមាហរណកម្ម សម្រាប់ឱ្យពលរដ្ឋខ្មែរ អាចបន្សុាំ និងអាចធ្វីសមាហរណកម្មទៅក្នុងសង្គមកម្ពុជាវិញ សំដៅកសាងជីវិតថ្មីមួយ ឱ្យបានល្អសមស្របនៅលើទឹកដីកម្ពុជា។
ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបលោកឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានរហ័សទាន់ពេល និងជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និងស្រឡាញ់ ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និងបន្តកិច្ចប្រតិបត្តិការនៅក្នុងវិស័យផ្សេងទៀត ដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់បំផុត។
សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកនាពេលកន្លងមក។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងបន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ៕
ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន