ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ អង្គារ ៣ រោច ខែ មាឃ ឆ្នាំថោះ បញ្ចស័ក
ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤

ប្រទេសម៉ាឡេស៊ីះ

នៅព្រឹកថ្ងៃអង្គារ ៣ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះករុណា ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ H.E. Datu Seri Anwa Ibrahim បានស្វាគមន៍ចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ក្នុងនាម សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានផ្ញើសារជូនពរ សម្ដេចតេជោ នាយឧត្តមសេនីយ៍ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីក្នុងឱកាសនេះ ទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងម៉ាឡេស៊ី នឹងរីកចម្រើន និងរឹងមាំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះជំនួបទ្វេភាគី និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូក្នុងឱកាសនេះ។ សម្ដេចធិបតី ក៏បានបញ្ជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកាលពីខែមីនាឆ្នាំមុន និងដំណើរទស្សនកិច្ចផ្លូវការរបស់លោកក្នុងឱកាសនេះ លោកនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី យូរអង្វែងកាន់តែស៊ីជម្រៅ។

ដៃគូទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានៈ នយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល ទូរគមនាគមន៍ និង បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។ ក្នុងជំនួបនេះ ដៃគូទាំងពីរក៏បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការពង្រីកជើងហោះហើរត្រង់ពីម៉ាឡេស៊ី មកកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជាខេត្តសៀមរាបជាដើម។

ក្នុងក្របខ័ណ្ឌនៃវិស័យការពារជាតិ និងសន្តិសុខ ដៃគូទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការរួមមានៈ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងសមយុទ្ធរួម។ ក្រៅ​ពី​សន្តិសុខ​ថាមពល ដៃគូ​ទាំង​ពីរ​ក៏​បាន​យល់ព្រម​គាំទ្រ​ដល់​ការ​រៀបចំ​ខ្សែ​បញ្ជូន​ក្រោម​ទឹក (ឡាវ-កម្ពុជា-សិង្ហបុរី) ឆ្លង​កាត់​សមុទ្រ​ម៉ាឡេស៊ី។ លើសពីនេះ ដៃគូទាំងពីរបានយល់ព្រមពិនិត្យលទ្ធភាពនៃការរៀបចំកិច្ចប្រជុំ JCBC នាពេលខាងមុខ ដែលដឹកនាំរួមគ្នាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ ជាចុងក្រោយ មេដឹកនាំទាំងពីរបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងកាន់តែខ្ពស់៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button