លោក ហ៊ុន ម៉ាណែត៖ យុវជនកម្ពុជា ក៏ដូចជាយុវជនប្រទេសផ្សេងៗ គឺការធានានូវផែនការអនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព !!!!
លោក ហ៊ុន ម៉ាណែត៖ យុវជនកម្ពុជា ក៏ដូចជាយុវជនប្រទេសផ្សេងៗ គឺការធានានូវផែនការអនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព !!!!
ដោយ៖ភៀង សុភា
ចេញផ្សាយ ថ្ងៃ សៅរ៍ ៨ កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖
លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ការចូលរួមរបស់មន្ដ្រីបក្សនៅមូលដ្ឋាន គឺជាកត្តាកំណត់មួយ នៃភាពជោគជ័យរបស់បក្សក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឈានទៅរក្សាប្រៀបឈ្នះ នៅក្នុងគ្រប់ការបោះឆ្នោតបន្តទៅមុខទៀត។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសកម្មជនយុវជនក្នុងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំបានជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈក្នុងធ្លុងមហាសាមគ្គី និងលើមាគ៌ានយោបាយឥតងាករេរបស់គណបក្ស គឺការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
លោកបន្ដថា អ្វីដែលសំខាន់បំផុតសម្រាប់យុវជនកម្ពុជា ក៏ដូចជាយុវជនប្រទេសផ្សេងៗ គឺការធានានូវផែនការអនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព។ យុវភាព ជាដំណាក់កាលមួយនៃជីវិតដែលពោរពេញដោយការសម្រេចចិត្ត និងការជ្រើសរើសដោយសេរីលើមូលដ្ឋាននៃសិទ្ធបុគ្គលដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឈានឆ្ពោះទៅរកការសម្រេចក្តីស្រម៉ៃ។
ក្នុងន័យនេះ ដើម្បីឲ្យលទ្ធភាពនៃជោគជ័យនេះ មានលក្ខណៈប្រាកដនិយម គឺចាំបាច់ណាស់ដែលយុវជនត្រូវធ្វើការសម្រេចចិត្តដោយផ្សារភ្ជាប់ក្តីស្រម៉ៃនោះ ទៅនឹងស្ថានភាពជាក់ស្តែង តាមរយៈការពិចារណាល្អិតល្អន់ស៊ីជម្រៅអំពីអតីតកាល និងបច្ចុប្បន្នកាល ដើម្បីជ្រើសរើសអនាគតមួយឲ្យបានត្រឹមត្រូវ ចៀសវាងការសម្រេចចិត្តធ្វើអ្វីមួយដែលហួសពីលទ្ធភាព និងសមត្ថភាពពិតរបស់យើង។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់យុវជន មានឥទ្ធិពលសំខាន់ណាស់លើអនាគតរបស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរ ជាពិសេសការធានាធ្វើយ៉ាងណារក្សាឲ្យបាននូវបរិយាកាសអំណោយផលនៃ សន្តិភាព, ស្ថិរភាព និងការទទួលបានឱកាស។ នេះ គឺជាអ្វីដែលគណបក្សយើងឲ្យតម្លៃបំផុត និងពុះពារប្តេជ្ញាថែរក្សាឲ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ព្រោះជាស្នាដៃដែលគណបក្សខិតខំស្វែងរក និងសម្រេចបានដោយលំបាកបំផុត។
យោងតាមរបាយការណ៍របស់លោក នួន ផារ័ត្ន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជន សរុបមានចំនួន១១,៦១៥នាក់ នៅក្នុងនោះ ថ្នាក់រាជធានី ខណ្ឌ សង្កាត់ ភូមិ មានចំនួន៧,១៦២នាក់ (ពោលគឺនៅថ្នាក់រាជធានី មានចំនួន៧១រូប, ខណ្ឌទាំង១៤ មានចំនួន៨៨៨រូប, សង្កាត់ទាំង១០៥ មានចំនួន១,៥៣១រូប, ក្រុមសកម្មជនយុវជនសាខាបក្សភូមិទាំង៩៦៩ភូមិ មានចំនួន៤,៦៧២រូប)។
លោក នួន ផារ័ត្ន បានបន្ដថា ក្រុមសកម្មជនយុវជននៅតាមគណៈកម្មាធិការគណបក្សមូលដ្ឋាន ចំណុះរបស់ក្រុមការងារយុវជនគណបក្សរាចធានី ទាំង១១ផែន សរុបមានចំនួន៤០១រូប៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន