ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតហូឡង់តែងតាំងថ្មីប្រចាំកម្ពុជា !!!!
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតហូឡង់តែងតាំងថ្មីប្រចាំកម្ពុជា !!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ពុធ ១០ រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ២៥ ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ
រាជធានីភ្នំពេញះ
នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Remco Johannes va Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ក្នុងឱកាសដែល ឯកឧត្តម ឯកអគ្គរាជទូត បានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្វាយសារតាំង។
ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ កម្ពុជា-ហូឡង់ ជាពិសេសសកម្មភាពផ្លាស់ប្តូរនៅក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដែលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីជាមានផលប៉ះពាល់ខ្លះបង្កឡើងជំងឺរាតត្បាតសាកលកូវីដ-១៩ ក៏ដោយ។
ក្នុងនាមប្រជាជនកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្តែងការអរគុណចំពោះព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាជន ក៏ដូចជាកងទ័ពហូឡង់ ដែលតែងបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រកម្ពុជានៅក្នុងកិច្ចការសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ការជួយដល់សកម្មភាពកំចាត់មីននៅកម្ពុជា, ការគាំទ្រផ្នែកថវិកាដល់ដំណើរការរបស់តុលាការកាត់ទោសខ្មែរក្រហម និងការផ្តល់ជំនួយវ៉ាក់សាំង AstraZeneca តាមរយៈយន្តការ COVAX ដល់កម្ពុជា ជាដើម ដែលទាំងនេះពិតជាបានរួមចំណែកបង្កលទ្ធភាពដល់កម្ពុជាក្នុងការសម្រេចបាននូវជោគជ័យលើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យរហូតដល់ពេលនេះ។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងហូឡង់ និងកម្ពុជា នៅក្នុងការដោះដូរពាណិជ្ជកម្មតាមដងទន្លេមេគង្គ ហើយមកទល់សព្វថ្ងៃនេះទំហំពាណិជ្ជកម្មទ្វេភាគី រួមទាំងវិស័យទេសចរណ៍ផង ក៏បន្តកើនឡើងគួរឱ្យកត់សម្គាល់ និងប្រកបដោយសក្តានុពល។ ទន្ទឹមការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវឯតទគ្គកម្មជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ នៅមុនការរាតត្បាតនៃជំងឺ Covid-19 ឯកឧត្តម ឯកអគ្គរាជទូត ក៏បានកោតសរសើរដ៏ស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាពនៅក្នុងការប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ ជាពិសេសការអនុវត្តយ៉ាងឆាប់រហ័សនូវយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស រហូតសម្រេចបាននូវជោគជ័យដ៏អស្ចារ្យដូចពេលនេះ។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ផងដែរចំពោះដំណើរវិវត្តន៍ជាវិជ្ជមាននៃស្ថានការណ៍នយោបាយនៅកម្ពុជា ដែលស្តែងឡើងតាមរយៈដំណើរការរៀបចំជាប្រក្រតីនៃការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ២០២២នេះ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ២០២៣ខាងមុខ ព្រមទាំងសង្ឃឹមថា ជោគជ័យនៃដំណើរការប្រជាធិបតេយ្យនេះ គឺជាជោគជ័យរួមសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។
ជាចុងក្រោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងនូវគោលបំណង និងក្តីសង្ឃឹម ក្នុងការជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ ដោយរួមទាំងការបើកច្រកកិច្ចសហប្រតិបត្តិការក្នុងកម្រិតណាមួយរវាងកងទ័ពកម្ពុជា និងហូឡង់ ផងដែរ៕
ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន