ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់ របស់ សម្តេចតេជោ, កម្ពុជាទទួលបាននូវសន្តិភាព និងសន្តិសុខពេញលេញ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់ របស់ សម្តេចតេជោ, កម្ពុជាទទួលបាននូវសន្តិភាព និងសន្តិសុខពេញលេញ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ពុធ ២រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ០៨ ខែ មិនា ឆ្នាំ២០២៣

ខេត្តកំពង់ស្ពឺះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធរោងចក្រ Aroma Success Garment Co., LTD. (ខេត្តកំពង់ស្ពឺ, ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣) នៅក្នុងឪកាសដ៍ថ្លៃថ្លានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា ៖

ជាបឋមខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ ២៥ ឆ្នាំកន្លងមកហើយ។ ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា គឺចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ១៩៩៨ នៅពេលដែលកម្ពុជាទើបទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ការសម្រេចចិត្តនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា និងស្មារតីរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។ ពិតណាស់ ការពង្រីកការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ មិនត្រឹមតែបង្ហាញអំពីភាពជោគជ័យរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបញ្ជាក់ឱ្យឃើញអំពីការចូលរួមរបស់ក្រុមហ៊ុននៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ជាក់ស្តែង គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន Sabrina Group បានបង្កើតការងារសរុបចំនួន ១៤.០០០ កន្លែង ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដល់បងប្អូនដែលរស់នៅក្នុងមូលដ្ឋានស្រុកសំរោងទងផ្ទាល់។

ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់ របស់ សម្តេចតេជោ, កម្ពុជាទទួលបាននូវសន្តិភាព និងសន្តិសុខពេញលេញ។ សមិទ្ធផលដ៏មហាសាល និងមិនអាចកាត់ថ្លៃបាននេះ ពិតជាបាន និងកំពុងផ្តល់នូវផលជាក់ស្តែងដល់ប្រទេសជាតិទាំងមូល ក្រោមរូបភាពនៃការកើនឡើងនូវទុនវិនិយោគពីបរទេស និងជាពិសេសការកើនឡើងនូវឱកាសការងារល្អៗ សម្រាប់លើកកម្ពស់កម្រិតជីវភាពរបស់កម្មករ-និយោជិត។

ដោយសារការរួមចំណែកយ៉ាងសំខាន់នៃវិស័យកាត់ដេរ, រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់សម្រាប់ការគាំទ្រដល់ការលូតលាស់នៃវិស័យនេះ ជាពិសេសសុខុមាលភាពរបស់កម្មករ-និយោជិត។ ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្មករ-និយោជិត នៅក្នុងវិស័យកាត់ដេរត្រូវបានចាត់ទុកជាក្រុមអាទិភាព ដែលអាចទទួលបានការចាក់វ៉ាក់សាំងមុនគេ ហើយចំពោះកម្មករ-និយោជិតដែលត្រូវបានព្យួរការងារ គឺម្នាក់ៗក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារអាម៉េរិកក្នុងមួយខែពីរាជរដ្ឋាភិបាល និងការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងឱកាសការងារបន្ថែមទៀត។ ក្រៅពីនេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រជាច្រើន ដើម្បីជួយដល់រោងចក្រ-សហគ្រាសនៅក្នុងវិស័យនេះ ដូចជា៖ ការលើកលែងពន្ធ, ការសម្រួលនីតិវិធី និងការបង្កនូវភាពងាយស្រួលសម្រួលដល់ការនាំចូលវត្ថុធាតុដើម រួមទាំងការលើកលែងកាតព្វកិច្ចបង់ភាគទាន ជាដើម។

សូមជ្រាបថា សម្រាប់ឆ្នាំ ២០២៣ នេះ, ប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ បានកើនឡើងដល់ ២០០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតពេញសិទ្ធ និងនៅមានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់, ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ, ប្រាក់អតីតភាពការងារ និងសេវាធានារ៉ាប់រងរបស់បេឡាជាតិសន្តិសុខសង្គម ដែលផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ។

ហើយនៅក្នុងវិស័យការងារ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់លើកត្តាអាទិភាពចម្បងចំនួន ៣ រួមមាន៖

ទី១. ការបង្កើតការងារតាមរយៈការកៀរគរវិនិយោគិនមកពីទូទាំងសាកលលោក ដោយបានខិតខំថែរក្សានូវបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ក៏ដូចជាការបង្កើតគោលនយោបាយលើកទឹកចិត្តនានា ដើម្បីធានាបានថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែង ដែលធានាដល់លំនឹងនៃឱកាសការងារជូនប្រជាពលរដ្ឋ។

ទី២. ការថែរក្សាឱកាសការងារតាមរយៈការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានការងារប្រកបដោយភាពសុខដុមរមនារវាងនិយោជិត និងនិយោជក ដែលជាតួអង្គសំខាន់ក្នុងការធានាបាននូវមូលដ្ឋានរីកលូតលាស់ចម្រុងចម្រើនរបស់រោងចក្រ-សហគ្រាស។

ទី៣. ការបង្កើនបន្ថែមទៀតនូវឱកាសការងារទាំងលើបរិមាណ, គុណភាព និងអត្ថប្រយោជន៍នានា សំដៅបង្កើនកម្រិតជីវភាព សុខុមាលភាព និងសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបរិបទនៃការប្រកួតប្រជែងក្នុងចរន្តសាកលភាវូបនីយកម្ម៕


ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button