ព័ត៌មានជាតិ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត : ភាសា “សម្លេងបេះដូង” ការជឿទុកចិត្តចំពោះ សម្តេចតេជោ និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បន្តមានជានិច្ច ដូចអ្វីដែលបងប្អូនបានផ្តល់ជូនរួចមកហើយ !!!!!

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត : ភាសា “សម្លេងបេះដូង” ការជឿទុកចិត្តចំពោះ សម្តេចតេជោ និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បន្តមានជានិច្ច ដូចអ្វីដែលបងប្អូនបានផ្តល់ជូនរួចមកហើយ !!!!!

ដោយះ លោក ភៀង ភា
ចេញផ្សាយថ្ងៃ សុក្រ ១ រោច  ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២៣

ខេត្តកណ្ដាលះ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាសចំនួន ១៨,២៨៩នាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល,
នាព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបើកពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិត ដោយសង្កត់ធ្ងន់ទៅលើការគិតគូរបស់រាជរដ្ឋាភិបាលចំពោះប្រជាជន រាប់ចាប់ពីពេលមានផ្ទៃពោះ រហូតដល់ក្រោយពេលសម្រាលបុត្រ ដែលជាការធានាបាននូវផលប្រយោជន៍ជូនប្រជាជនឲ្យរស់រវើក និងល្អប្រសើរ និង ការធានានូវសមត្ថភាពក្នុងការប្រកួតប្រជែងរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ដរាបណាបងប្អូនជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់បន្តដឹកនាំ នោះគោលនយោបាយបង្កើតការងារ និងកែលម្អជីវភាពប្រជាពលរដ្ឋ និងត្រូវបន្តជានិច្ច។ សូមឲ្យភាសា “សម្លេងបេះដូង” ការជឿទុកចិត្តចំពោះ សម្តេចតេជោ និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បន្តមានជានិច្ច ដូចអ្វីដែលបងប្អូនបានផ្តល់ជូនរួចមកហើយ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី កាលពីថ្ងៃទី២៣ កក្កដា ២០២៣កន្លងទៅ។

បន្ថែមពីនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ក៏បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ និងថ្នាក់ដឹកនាំជាច្រើនដែលបានលះបង់តស៊ូគ្រប់បែបយ៉ាងក្នុងការរំដោះប្រទេសជាតិពីសង្គ្រាម បានបង្រួបបង្រួមទឹកដី និងបានកសាងសមិទ្ធផលជាច្រើនរាប់មិនអស់ ជូនជាតិ និងប្រជាជន។ អ្វីដែលជាការសោកស្តាយរបស់ សម្តេចតេជោ តាមរយៈការផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា គឺសម្តេចតេជោ មានការសោកស្តាយចំពោះខណៈដែលកម្ពុជាបានរងគ្រោះក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ច ដែលធ្លាប់តែកើនរៀងរាល់ឆ្នាំក្នុងរង្វង់ ៧% ត្រូវបានធ្លាក់ចុះ ហើយបង្កផលប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ហើយផែនការថវិកាបម្រុងទុករបស់រាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអាទិភាពផ្សេងៗត្រូវបានផ្អាក ដោយបង្វែរមកជាថវិកាសម្រាប់អន្តរាគមន៍បន្ទាន់សម្រាប់ជួយសង្គ្រោះ និងការពារអាយុជីវិតប្រជាជនជំនួសវិញ។ អ្វីដែលជាការគិតគូរ ការដឹកនាំ និងការផ្តល់ជាអាទិភាពរបស់ថ្នាក់ដឹកនាំ និងគណបក្សប្រជាជន គឺជាការដឹកនាំប្រទេសជាតិ ការពង្រឹងគុណភាព និងការលើកស្ទួយជីវភាពប្រជាជនប្រកបដោយចីរភាព តាមរយៈការជួយប្រជាពលរដ្ឋឲ្យមានជីវភាពល្អ ការបង្កើតការងារឲ្យបានច្រើន ការធានាសមធម៌ និងភ្ជាប់ជាមួយនឹងយុត្តិធម៌សង្គម ឈរលើសិទ្ធិសេរីភាព និងការរស់នៅថ្លៃថ្នូរ។ ជាមួយគ្នានេះ គោលការណ៍ក្នុងការបង្កើតការងារ គឺជាកិច្ចការសំខាន់ ទាំងបរិមាណ និងគុណភាព ដោយបរិមាណ ត្រូវគិតទាំងចំនួន និងទីតាំង ហើយគុណភាព គឺការងារអនុវត្តទៅតាមច្បាប់៖ ការពារសិទ្ធិសេរីភាពរបស់កម្មករ-និយោជិត, បង្កើនយន្តការអធិការកិច្ច, លើកកកម្ពស់សុខមាលភាពរបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋ, លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងប្រាក់បៀវត្ស ប្រភេទការងារ និងសុខសុវត្ថិភាពការងារ។

បន្ថែមពីនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញផងដែរនូវគោលនយោបាយអាទិភាពទាំង ៦  និងទិសដៅការងារទាំង ៤ ដូចដែលបានបញ្ជាក់កាលពីជំនួបជាមួយកម្មករ-និយោជិត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យកន្លងទៅ ហើយជាក៏បានដាក់ចេញបន្ថែមនៅចក្ខុវិស័យក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនដែលចាត់ទុកជាអ្នកបម្រើការ និងប្រកបរបរចិញ្ចឹមជីវិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពិនិត្យលទ្ធភាពជួយឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលក្នុងប្រព័ន្ធ គឺដើម្បីឲ្យដឹងពីទំហំនៃការជួយ ហើយជួយឲ្យចំគោលដៅ។ ជាឧទាហរណ៍ និងគំនិតយោបល់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី បានលើកឡើងអំពីគោលការណ៍មួយចំនួនក្នុងការរៀបចំ៖ ១. ការលើកលែងការផាកពិន័យ និងបំណុលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធណាមួយដែលមានបំណងចូលរួម និងចុះបញ្ជីត្រឹមត្រូវតាមគោលការណ៍លក្ខខណ្ឌ និងច្បាប់តម្រូវ, ២. លើកទឹកចិត្តផ្នែកពន្ធដារ និងចុះបញ្ជី លើកលែងការផាកពិន័យ និងទោសទណ្ឌផ្សេងៗ។

មុននឹងបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោត ទោះបីជាតួអង្គនៃការដឹកនាំក្រសួង ស្ថាប័នថ្មីក៏ដោយ តែលំនឹង និងគោលនយោបាយ គឺមិនផ្លាស់ប្តូរទេ។ កន្លងមកមានការចាប់អារម្មណ៍ និងវិភាគជាច្រើនអំពីករណីក្បាលម៉ាស៊ីនដឹកនាំរបស់រាជរដ្ឋាភិបាល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី បានធ្វើការបង្ហាញច្បាស់អំពីគោលបំណងសំខាន់ៗ និងសារៈប្រយោជន៍ដូចជា៖

១. ដើម្បីធានាការអនុវត្តគោលនយោបាយឲ្យបានប្រសិទ្ធភាព តម្រូវឲ្យមានតួអង្គជាអ្នកអនុវត្ត ដែលជាក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល, ២.ចំពោះទីប្រឹក្សា ជំនួយការ យើងឈរលើគោលការណ៍ រក្សាចាស់ បង្កើនថ្មី ហើយជាទម្លាប់អ្វីដែលយើងបានធ្វើរាប់អាណត្តិមកហើយ គឺដើម្បីធានាប្រសិទ្ធភាពការងារ និងយន្តការនៃការលើកទឹកចិត្តសម្រាប់មន្ត្រីដែលជាថ្នាក់ដឹកនាំចាស់ មានស្នាដៃ តែនៅអាចមានលទ្ធភាពធ្វើការ សម្រាប់បន្តធ្វើការ និងជាការផ្តល់កិត្តិយស ព្រោះនេះ គឺជាគុណធម៌ក្នុងការរៀបចំមន្ត្រី។ ការរៀបចំបែបនេះ គឺការរៀបចំតែងតាំងមន្ត្រីភាគច្រើន ជាមន្ត្រី ដែលនៅជាមួយយើង ហើយនៅជាមួយគ្នាយូរឆ្នាំ ពិតបង្ហាញច្បាស់ថាយើងមិនចោលអ្នកដែលធ្លាប់ធ្វើការជាមួយអស់រយៈកាលជាង ៤០ឆ្នាំមកនេះ ហើយរាជរដ្ឋាភិបាល គឺមិនមានទម្លាប់ឡើងលើទូករួចដុតស្ពានចោលនោះទេ។

ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងដាស់តឿនដល់រដ្ឋមន្ត្រីទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័ន និងខិតខំថែរក្សាសាមគ្គីភាពផ្ទៃក្នុង ទើបយើងរស់ ព្រោះយើងអាចបញ្ចប់សង្គ្រាម គឺដោយសារយើងឈរលើស្មារតីនៃការយោគយល់ និងអធ្យាស្រ័យគ្នាខ្ពស់។ ចំពោះការតែងតាំង និងចាត់តាំងមន្ត្រី ត្រូវពិចារណាលើ គុណភាព និងអតីតភាព ដោយឈរលើការផ្ស៊ាំ និងបន្ស៊ីគ្នា រវាងមន្ត្រីចាស់ និងមន្ត្រីថ្មី ព្រោះថាឈាមចាស់ និងឈាមថ្មី គឺជាឈាមតែមួយ៕

ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button