ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី !!!!
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី !!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សៅរ៍ ៦ កើត ខែ អស្សុជ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២២
ព័ត៌មានជាតិ
រាជធានីភ្នំពេញះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២១, ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន-អង្គភាពស៊ីវិល ទីស្តីការក្រសួងការពារជាតិ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នៅក្នុងនោះឯកឧត្តមបានមានប្រសាសន៍ថា៖
ជាការពិតណាស់ការរៀបចំសិក្ខាសាលាក្នុងថ្ងៃនេះ បានស្តែងឱ្យឃើញអំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល នៅក្នុងការពង្រឹងប្រសិទ្ធភាពនៃការងារសម្ព័ន្ធមេត្រីភាពតាមរយៈការរៀបចំឱ្យមានការជួបប្រជុំពិភាក្សាចែករំលែក និងផ្លាស់ប្តូរមតិយោបល់ ដើម្បីធ្វើការបូកសរុបវាយតម្លៃចំពោះបទពិសោធន៍ និងលទ្ធផលការងារដែលសម្រេចបានកន្លងមក ដោយរកឱ្យឃើញចំណុចខ្លាំង-ខ្សោយ ការលំបាក និងបញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាតម្រង់ទិសឱ្យចំគោលដៅ និងឆ្លើយតបឱ្យបានត្រូវនឹងតម្រូវការចាំបាច់ជាក់ស្តែងរបស់អង្គភាពទ័ព។
ហើយទោះបីមានបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន ដូចជាវិបត្តិនៃជំងឺកូវីដ-១៩ ជាដើម ក៏ស្ថាប័ន-អង្គភាពស៊ីវិលស្ទើរទាំងអស់ ពិតជាបានពុះពារជម្នះការលំបាកដោយខិតខំបន្តរក្សាការប្រាស័យទាក់ទង និងជួយឧបត្ថម្ភដល់អង្គភាពកងទ័ពជាប់ជាប្រចាំ ហើយសម្ព័ន្ធមេត្រីភាពដែលកងយោធពលខេមរភូមិន្ទ ពុំអាចបំភ្លេចបាននោះ គឺការជួយឧបត្ថម្ភគាំទ្រដោយផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងបានផ្តល់ជំនួយឧបត្ថម្ភជួយដល់បណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិន តាំងពីដើមរៀងមកដោយឥតមានចន្លោះពេល។
ឯកឧត្តមមានប្រសាសន៍បន្តទៀតថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានកាន់តែរឹងមាំ។ ពិតណាស់ បណ្តាជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធជាតិកន្លងមក សុទ្ធតែមានការឧបត្ថម្ភគាំទ្រចូលរួមចំណែកដោយផ្ទាល់របស់កម្លាំងមហាជនពីគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋាន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង និងលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតសម្រេចបានជោគជ័យធំៗជាច្រើន ទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ, ការរួមចំណែកកសាងអភិវឌ្ឍជាតិ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងសម្រេចបានក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងទៅនេះ ក៏ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតសម្រេចបានជោគជ័យគួរជាមោទនៈផងដែរ។
នៅក្នុងរយៈកាលកន្លងទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជួយធានាលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព តាមរយៈការផុ្តល់ដីធ្លី និងផ្ទះសម្បែង ហើយក្រសួងជំនាញក៏បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេងៗ ជាពិសេសជំនាញកសិកម្ម។ ឈរលើមូលដ្ឋាននេះ ដើម្បីបង្កើនលទ្ធភាពទៅមុខឱ្យមាននិរន្តរភាព និងចីរភាព, អង្គភាពទ័ព និងដៃគូសម្ព័ន្ធមេត្រីភាព ក៏អាចសហការជួយគ្នារៀបចំគិតគូរអំពីការស្វែងរក និងការពង្រីកទីផ្សារឱ្យបានធំ និងរឹងមាំបន្ថែម តាមរយៈការពង្រីកទំហំផលិតកម្មក្នុងទម្រង់ជាសេដ្ឋកិច្ចមាត្រដ្ឋាន ដោយតម្រូវឱ្យមានការរៀបចំសហគមន៍គ្រួសារកងទ័ពដើម្បីបង្កបង្កើនផលសំដៅធានាប្រភពផ្គត់ផ្គង់ទិន្នផលក្នុងទីផ្សារឱ្យបានច្រើនគ្រប់គ្រាន់ និងទៀងទាត់តាមតម្រូវការ។ ទិសដៅនេះ ក៏មានលក្ខណៈស្របគ្នាផងដែរជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យកសិកម្ម ដូច្នេះដើម្បីជំរុញការងារនេះ គឺទាមទារចាំបាច់ឱ្យមានកិច្ចសហការជិតស្និទ្ធ និងការសម្របសម្រួលអនុវត្តដោយមានយន្តការច្បាស់លាស់ រវាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ, កងទ័ព និងអង្គភាព-ស្ថាប័នស៊ីវិលជាដៃគូសម្ព័ន្ធមេត្រីភាព ជាពិសេសការចូលរួមរបស់ផ្នែកឯកជន។ ពិតណាស់ ក្រៅពីការជួយដល់ការបង្កើនលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព កិច្ចការនេះ ក៏អាចផ្តល់ផលប្រយោជន៍ផងដែរទៅដល់ប្រជាជនទូទៅ តាមរយៈការបង្កើនទីផ្សារក្នុងស្រុក, ការជំរុញការនាំចេញ និងការបង្កើតបែបផែននៃសេដ្ឋកិច្ចមាត្រដ្ឋាន។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពទ័ព ក្រសួង-ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាពយ៉ាងប្តូរផ្តាច់ សម្រេចបានលទ្ធផលល្អប្រសើរ និងសូមអំពាវនាវលើកទឹកចិត្តឱ្យបន្តចូលរួមចំណែកអនុវត្តកាតព្វកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជននេះ ឱ្យបានសកម្មបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍកងយោធពលខេមរភូមិន្ទ បម្រើឱ្យគុណប្រយោជន៍ និងយុទ្ធសាស្ត្រយូរអង្វែងនៃកិច្ចការពារជាតិ៕
ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/