ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និង ជោគជ័យ !!!!
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និង ជោគជ័យ !!!!
ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ ចន្ទ ០៦ រោច ខែកត្កិកត្ក្ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី១៤ ខែ វិឆ្ឆិកា ឆ្នាំ២០២២
ព័ត៌មានជាតិ
រាជធានីភ្នំពេញះ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក (តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២) ៖
ខ្ញុំសូមអបអរសាទរចំពោះក្រុមហ៊ុនជប៉ុន OJI Holding Group ដែលបានសម្រេចនូវបង្គោលចរថ្មីមួយទៀត រួមជាមួយនឹងការប្តេជ្ញាចិត្តជំរុញឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលវេចខ្ចប់ឈានមុខគេនៅក្នុងតំបន់ បន្ទាប់ពីបានដំណើរការអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាង ១៨ ឆ្នាំ កន្លងមកនេះ ហើយក៏សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ដែលបានជំរុញឱ្យក្រុមហ៊ុនទទួលបានជោគជ័យ រហូតឈានដល់ការបើករោងចក្រទី៣ ដោយក្នុងនេះមានការបំពាក់នូវម៉ាស៊ីនផលិតកេសកាតុងស្វ័យប្រវត្តិ ដែលជាម៉ាស៊ីនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឯកឧត្តម បណ្ឌិតបានបន្តទៀតថា ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន ដែលបានជ្រើសរើសយកកម្ពុជាជាគោលដៅក្នុងការវិនិយោគរយៈពេលវែង ដែលជាសញ្ញាវិជ្ជមានប្រកបដោយសុទិដ្ឋិនិយម ដែលបង្ហាញអំពីទំនុកចិត្តចំពោះលក្ខណៈអំណោយផលល្អនៃបរិយាកាសវិនិយោគ ក៏ដូចជាចំពោះសក្តានុពលដ៏រឹងមាំនៃវិស័យឧស្សាហកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលតែងជាមិត្តដ៏ល្អរបស់កម្ពុជា ទាំងក្នុងដំណាក់កាលនៃការបង្រួបបបង្រួមជាតិស្វែងរកសន្តិភាព និងដំណាក់កាលកសាងអភិវឌ្ឍប្រទេសក្រោយទទួលបានសន្តិភាពពេញលេញ ហើយជាពិសេសការឧបត្ថម្ភគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កន្លងទៅថ្មីៗនេះ។
ពិតណាស់ថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និង ជោគជ័យ។ ក្នុងនេះ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើនប្រកបដោយភាពជាក់លាក់, បត់បែន និង ទាក់ទាញជាងមុន ជាពិសេស ការលើកលែងសារពើពន្ធ និងការការពារដល់វិនិយោគិន ។ ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ប្រកបដោយភាពអំណោយផល, តំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា ក៏ជាយន្តការឈានមុខនៅក្នុងការស្រូបយកវិនិយោគ និងជំរុញការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា ផងដែរ។ មួយវិញទៀត ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ, កម្ពុជាបានវិនិយោគសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឆ្អឹងខ្នង រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិថ្មីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប, កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងសៀមរាប និង ក្រុងព្រះសីហនុ, ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ សំដៅលុបបំបាត់ឧបសគ្គនៃជម្រៅទឹក និងបើកបម្រើសេវាដល់នាវាធំៗពីសហរដ្ឋអាមេរិក និងអឺរ៉ុប ចូលត្រង់មកកម្ពុជា, ការសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅកំពង់ផែទឹកជ្រៅ, ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ដែលភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា និងអាស៊ាន ព្រមជាមួយនឹងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាដើម ។
ក្នុងទស្សនវិស័យដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពភាពក្រីក្រ គឺទាមទារនូវការបង្កើតឱកាសការងារបន្ថែមទៀត ដែលក្នុងនោះមានកិច្ចការចម្បងចំនួន ០៣ ដែលត្រូវជម្រុញ៖ ទី១. បរិមាណនៃឱកាសការងារដែលលាតសន្ធឹងពីទីក្រុងរហូតដល់ជនបទ ស្របទៅតាមសក្តានុពលអំណោយផលនៃទីតាំងនីមួយៗ។ ទី២. ការលើកកម្ពស់គុណភាពនៃអាជីវកម្ម និងវិនិយោគនៅកម្ពុជា តាយរយៈការរៀបចំឱ្យមានយុទ្ធសាស្រ្តច្បាស់លាស់ និងយូរអង្វែង ដើម្បីអភិវឌ្ឍនៅនឹងកន្លែង, តាមរយៈការផ្តល់ឱកាសឱ្យកម្មករ-និយោជិត ទទួលបានបៀវត្សល្អ និងឱកាសក្នុងការបង្កើនសមត្ថភាព, ការផ្តល់ការការពារផ្នែកសិទ្ធសេរីភាព, ការយកចិត្តទុកដាក់លើការគាំពារសុខុមាលភាពបស់កម្មករ-និយោជិត និងការនាំចូលនូវបច្ចេវិទ្យាទំនើប ព្រមជាមួយនឹងបែបបទស្តង់ដារការងារថ្មី។ ទី៣. ការវិនិយោគដែលមានលក្ខណៈសមធម៌ ដោយសង្កត់ធ្ងន់ទៅលើភាពសុខុដុមរមនារវាងនិយោជក និងនិយោជិត ដែលជាតួអង្គចម្បងក្នុងការរុញសង្វាក់ផលិតកម្មក្នុងវិស័យឯកជន ឱ្យបោះជំហានទៅមុខប្រកបដោយចីរភាព និងនិរន្តរភាព។
ជាចុងបញ្ចប់នៃកម្មវិធីឯកឧត្តម បណ្ឌិតបានថ្លែងថាកត្តាសុខសន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍឆាប់រហ័សរបស់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ បានធ្វើឱ្យថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអំណាចធំៗលើសាកលលោក និងប្រទេសដៃគូក្នុងតំបន់ បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ហើយបានញ៉ាំងឱ្យកិច្ចប្រជុំទាំងនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ទាំងនេះបាននាំមកនូវមោទនភាពដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក៏ជាការផ្សព្វផ្សាយទៅកាន់សាកលលោកអំពីសុខសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ក្រោមដំណើរវិវឌ្ឍន៍យ៉ាងឆាប់រហ័សចេញពីប្រទេសធ្លាប់ទទួលរងការផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារសង្គ្រាម៕
ដោយះ មជ្ឈមណ្ឌលព័ត៏មាន ឈុន ព្រជ្រ ជាយដែន