ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ គុណតម្លៃនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំកម្ពុជាឱ្យស្គាល់សុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី !!!!!!
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ គុណតម្លៃនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំកម្ពុជាឱ្យស្គាល់សុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី !!!!!!
ដោយះ លោក ភៀង សុភា
ថ្ងៃ ចន្ទ ៣កើត ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២៣
ខេត្តកំពង់ចាម៖
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម (កំពង់ចាម, ថ្ងៃ២២ ឧសភា ២០២៣)៖
ខ្ញុំសូមចូលរួមអនុមោទនាត្រេកអរចំពោះសមិទ្ធផលថ្មីៗជាច្រើនសម្រាប់វត្ត ដែលមានអាយុកាលជាង ៥០០ ឆ្នាំមួយនេះ ដោយបានឆ្លងកាត់ជាច្រើនជំនាន់ ទាំងសម័យកាលសុខសាន្តផង, សម័យកាលជម្លោះបែកបាក់ផង ទម្រាំមានការអភិវឌ្ឍរីកចម្រើនក្នុងសម័យកាលសុខសន្តិភាពឡើងវិញរបស់ជាតិខ្មែរ ដូចបច្ចុប្បន្ន ហើយទីអារាមដែលធា្លប់ត្រូវបានគេបោះបង់ចោល ក៏បានក្លាយជាទីកន្លែងប្រកបដោយភាពមនោរម្យ សម្រាប់គោរពបដិបត្តិសាសនា។ ប្រសិនបើ ៥០០ ឆ្នាំ យើងមិនមានសង្គ្រាមបែកបាក់ គឺយើងច្បាស់ជាបានទទួលការរីកចម្រើនជឿនលឿនច្រើនជាងនេះ។ ដូច្នេះ សម្រាប់ពេលបច្ចុប្បន្ន និងតទៅអនាគត គឺយើងមានតែរួមគ្នាបន្តកសាងសមិទ្ធផលបន្ថែម និងការពារអ្វីដែលមានក្នុងដៃឱ្យបានគង់វង្ស និងកុំឱ្យធ្លាក់ចូលសារជាថ្មីទៅក្នុងអន្លង់នៃសង្រ្គាមព្រាត់ប្រាស់ទោះក្នុងតម្លៃណាក៏ដោយ “ការពារសន្តិភាពបាន គឺការពារអាយុជីវិត ការពារឱកាស និងការពារសិទ្ធិសេរីភាពគ្រប់បែបយ៉ាង រួមទាំងជំនឿសាសនា”។
ហើយ ជាមួយគ្នានេះ កត្តាដែលធ្វើឱ្យមានការអភិវឌ្ឍ និងការសម្រេចបានសមិទ្ធផលជាច្រើនដូចដែលយើងកំពុងអបអរទទួលបាននេះ គឺអាស្រ័យដោយកត្តាចម្បង ២ យ៉ាងគឺ៖ ទី១. កម្រិតជីវភាពរបស់ប្រជាជនមានការរីកចម្រើន ដែលនៅក្រោយថ្ងៃរំដោះ ៧ មករា១៩៧៩ គឺបាតដៃទទេដូចៗគ្នា ប៉ុន្តែពេលនេះទទួលបានជីវភាពល្អប្រសើរ និងអាចប្រកបរបររកទទួលទាន និងបំពេញការងារផ្សេងៗ រហូតមានលទ្ធភាព ចែករំលែកផលនៅក្នុងសង្គម ដូចដែលស្តែងឡើងតាមរយៈការឯកភាពគ្នាកសាងសមិទ្ធផលដូចថ្ងៃនេះ, ទី ២. ការបង្កលក្ខណៈយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវសិទ្ធិសេរីភាពពេញលេញក្នុងការសម្រេចចិត្ត និងការជ្រើសរើសជំនាញ អាជីព និងមុខរបរ រួមទាំងការបម្រើសេវាមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាជន គឺសេវាសុខាភិបាល, អប់រំ, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងស្ថិរភាពនៃការរស់នៅក្នុងសង្គមប្រកបដោយលំនឹងផ្លូវចិត្ត និងក្តីសង្ឃឹម។
ជាការពិតណាស់គុណតម្លៃនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំកម្ពុជាឱ្យស្គាល់សុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្រោមរាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងជាតិតែមួយ និយាយរួមគឺខ្មែរតែមួយ។ ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺស្មើនឹងការសម្រេចបាននូវអនាគត និងជោគវាសនាដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាសម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ។ ទាំងអស់នេះ គឺអាស្រ័យដោយមូលហេតុពីរយ៉ាង៖ ទី១. ប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានជំនឿ និងទំនុកចិត្តលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ដែលបាននាំទៅដល់ការរួមគ្នាបញ្ចប់សង្គ្រាម, បញ្ចប់គំនុំ និងបញ្ចប់ការបែកបាក់ ហើយអាចរស់នៅជាមួយគ្នាក្នុងនាមជាខ្មែរតែមួយ, ទី២. ប្រជាជនច្រើនលើសលប់ គឺបានបន្តមានទំនុកចិត្ត និងលំនឹងផ្លូវចិត្ត ក្នុងសម្រេចផ្ទុកផ្តាក់ផ្ញើជោគវាសនាអនាគតរបស់ខ្លួននៅក្រោមការដឹកនាំរបស់ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាជាប់រហូតមក។
មូលហេតុដែលគណបក្សប្រជាជនកម្ពុជា មានយន្តការក្រុមការងារចុះមូលដ្ឋាន និងក្រុមការងារគណបក្សចុះមកច្រើនបន្ថែមនៅតាមមូលដ្ឋាន គឺដើម្បីរួមកម្លាំងសរុបសម្រាប់ពិនិត្យដោះស្រាយបញ្ហាប្រឈមនានា និងជួយប្រជាពលរដ្ឋតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាធានាដល់តម្រូវការ និងផលប្រយោជន៍របស់ប្រជាជនពិតជាក់ស្តែងនៅមូលដ្ឋាន ពីព្រោះគោលដៅ និងទិសដៅដ៏ជាក់លាក់មួយរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជនកម្ពុជា និងធ្វើឱ្យប្រជាជនកម្ពុជាមានបាន។ ដូច្នេះ បេសកកម្មដ៏ចម្បងរបស់គណបក្សប្រជាជនកម្ពុជា គឺការបន្តរក្សាលំនឹងចិត្តរបស់ប្រជាជន, បម្រើប្រជាជន និងផ្តល់ជំនឿចិត្តដល់ប្រជាជនចំពោះឆន្ទៈឥតងាករេរបស់គណបក្ស ក្នុងការបន្តកសាងសមិទ្ធផលធំៗបន្ថែមទៀតជូនជាតិ និងប្រជាជន៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន