ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែង អំណរព្រះគុណព្រះមហាក្សត្រ ដែលបាន ចាត់តាំង លោកជា នាយករដ្ឋមន្ត្រី ហើយប្តេជ្ញា ខិតខំ បំពេញ បេសកកម្មជាតិ ដ៏ឧត្តុង្គឧត្តម ថ្លៃថ្លា នេះ ប្រកប ដោយ វីរភាព សេចក្តីស្មោះត្រង់ និង ការ ទទួលខុស ត្រូវខ្ពស់ !!!!!
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែង អំណរព្រះគុណព្រះមហាក្សត្រ ដែលបាន ចាត់តាំង លោកជា នាយករដ្ឋមន្ត្រី ហើយប្តេជ្ញា ខិតខំ បំពេញ បេសកកម្មជាតិ ដ៏ឧត្តុង្គឧត្តម ថ្លៃថ្លា នេះ ប្រកប ដោយ វីរភាព សេចក្តីស្មោះត្រង់ និង ការ ទទួលខុស ត្រូវខ្ពស់ !!!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ចន្ទ ៦ រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២៣
(រាជធានីភ្នំពេញ)៖
បន្ទាប់ពីទទួលបានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាន ថ្វាយសារ មួយថ្លែងអំណរ ព្រះគុណ ព្រះអង្គ ដែលបានត្រាស់បង្គាប់ចាត់តាំង ឯកឧត្តម ជា នាយករដ្ឋមន្ត្រី ដើម្បី រៀបចំសមាសភាពរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ហើយ ឯកឧត្តម បណ្ឌិត បាន ប្តេជ្ញាថា នឹង ខិតខំបំពេញ បេសកកម្ម ជាតិ ដ៏ឧត្តុង្គឧត្តម ថ្លៃថ្លានេះ ប្រកបដោយ វីរភាព សេចក្តី ស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ក្នុងសារលិខិតថ្វាយព្រះមហាក្សត្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា៖
«បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !
ជាបឋម ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវសេចក្តីអំណរព្រះគុណជាអនេកប្បការ និងដ៏ស្មោះស្ម័គ្របំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងទូលព្រះបង្គំជាខ្ញុំ ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ នេះ គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិត របស់ទូលព្រះបង្គំជាខ្ញុំ ដោយទទួលបានឱកាសដ៏វិសេសវិសោក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត នៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។
តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្ដល់សេចក្ដីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ឧត្ដុង្គឧត្តម ដែលគ្រោងនឹងបើកសម័យប្រជុំនាពេលដ៏ខ្លីខាងមុខ ដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំនាឱកាសដ៏ថ្លៃថ្លានេះ និងជាមួយជំនឿទុកចិត្តពីសំណាក់ជនរួមជាតិជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ទូលព្រះបង្គំជាខ្ញុំ រួមជាមួយឥស្សរជន ទាំងអស់ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាតនូវ រាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពាវឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយព្រះពរ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុ យឺនយូរជាងរយ ព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាដល់មាតុភូមិកម្ពុជា និងប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវ ភក្តីភាពដ៏ស្មោះស្ម័គ្របំផុត កតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ»៕
ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/