សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា !!!!!
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា !!!!!
ដោយះ លោក ភៀង សភា
ចេញផ្សាយ ថ្ងៃ ព្រហស្បត៍ ១១ រោច ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០២៣
រាជធានីភ្នំពេញះ
នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ និងបានចូលរួមអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបានខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលជាច្រើន ដូចជា៖ កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិ, គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, ច្រករបៀងមច្ឆា និងអង្ករ ។ល។ លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបង្ហាញនូវក្តីជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចធិបតី ហើយប្រទេសកម្ពុជា ក៏នឹងកាន់តែមានភាពរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខទៀត ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាំង និង ឯកឧត្តម នាយឧត្តមសេនីយ៍ ចាង យូសៀ អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានកត់សម្គាល់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេស ការសម្រេចបាននូវការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងពេលដែល សម្តេចធិបតី នៅបំពេញមុខងារជា មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។
ជាចុងក្រោយ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា ៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន