ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍតំបន់តាមដងទន្លេ មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ន នោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគតកាល ដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍតំបន់តាមដងទន្លេ មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ន នោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគតកាល ដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ !!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយ ថ្ងៃ សៅរ៍ ៧កើត ខែ ផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២៤

ខេត្តសៀមរាប៖

នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅក្រុងសៀមរាប នៃខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី ៨ ក្រោមប្រធានបទ ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ ក្នុងអត្ថន័យឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និងសក្ដានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់ទន្លេទៅនឹងសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងមិនអាចកាត់ផ្ដាច់បានពីកិច្ចសហប្រតិបត្តិការ និងការពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្តនៅក្នុងតំបន់ ជាពិសេសប្រទេសតាមដងទន្លេមេគង្គទាំង ៥ នៃក្របខណ្ឌអនុតំបន់មេគង្គ ។

មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពពេញលើផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំ ក្នុងប្រវត្តិសាស្រ្ត ហើយកត្តាសុខសន្តិភាពនេះ បានជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ឱ្យសម្រេចបាននូវសមិទ្ធផលដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសជាតិ ដែលធ្លាប់បានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃបង្ហូរឈាម និងរបបប្រល័យពូជសាសន៍អស់រយៈពេលរាប់ទសវត្សរ៍ ។ លើសពីនេះ កត្តាសុខសន្តិភាព ក៏បានប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់ ជាពិសេស បានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេលជាង ៣០ ឆ្នាំ ចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាឱ្យកើនឡើងប្រមាណ ១៣ ដង នៅឆ្នាំ ១៩៩៣-២០២៣ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែង ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្សសម្បត្តិវប្បធម៌ និងការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ។

សម្តេចធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន និងឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ដសៀមរាប និងជួយជំរុញឱ្យទេសចរណ៍ដ៏មានសក្ដានុពលពីប្រទេសទាំងពីរចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន ។ ជាមួយនឹងវិធានការទាំងនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាកាលានុវត្តភាពថ្មីមួយ ដែលកំពុងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍កម្ពុជាទាំងមូល និយាយជារួម ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដើម្បីជំរុញការអភិវឌ្ឍតំបន់រុនតាឯក ឱ្យក្លាយទៅជាក្រុងមួយដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ព្រោះការរៀបចំផ្លាស់ទីប្រជាពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរឱ្យបន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយ ដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្ស និងអភិវឌ្ឍសម្បត្តិធនធានដ៏មានតម្លៃរបស់កម្ពុជា តាមរយៈការដាក់ចេញនូវបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្ស ព្រមទាំងបង្កើនកិច្ចសហការពីភាគីពាក់ព័ន្ធ ក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន ដែលការណ៍នេះ ជាយន្តការចាំបាច់សម្រាប់ធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចូលរួមដល់ការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ សំដៅឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍបៃតងនៅតំបន់តាមដងទន្លេ ។

សម្តេចតីបតី ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងបន្តទទួលបាននូវការរីកចម្រើនបន្ថែមទៀតពីសក្តានុពលនៃធនធានទាំងឡាយដែលមាន រាប់ទាំងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ។ ដោយសារកត្ដាសន្តិភាព និងការអភិវឌ្ឍ ដែលកើតចេញពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលជាកត្តាអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទ នៃពិធីបុណ្យទន្លេលើកទី ៨ នេះ ។ ក្នុងន័យនេះ ការអភិវឌ្ឍតំបន់តាមដងទន្លេ មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគតកាល ដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ស្របពេលដែលពិភពលោកទាំងមូលបាន និងកំពុងប្រឈមនឹងការវិវត្តថ្មីៗ ទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលស្តែងឡើងតាមរយៈការប្រែប្រួលជាសកលជាច្រើន ដូចជា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកលលោក បញ្ហាគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ ជាដើម។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ការយកចិត្តទុកដាក់លើទស្សនាទាននៃភាពស្អាត និងបៃតង គឺពិតជាមានភាពចាំបាច់ ខណៈពេលដែលពិភពលោកទាំងមូល កំពុងបោះជំហានទៅមុខដើម្បីសម្រេចបានសេដ្ឋកិច្ចបៃតង ។

ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើការតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងទេសចរណ៍ ដែលក្នុងរយៈពេលជាង ៦ ខែ មកនេះ បានខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន ៥ អភិវឌ្ឍ ៣» និងទិសដៅកែទម្រង់មុតស្រួចមួយចំនួនទៀត រួមទាំងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាប័ន្ន ជាពិសេសការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន ឈានដល់ការដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍ជាលក្ខណៈកញ្ចប់ និងក៏ជាយន្តការស្ថាប័នមួយសំខាន់ទ្រទ្រង់ដល់យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ផងដែរ ៕

ដោយ៖ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button