មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូអង្គភាពទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាលសម្តែងការគួរសម !!!!
មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូអង្គភាពទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាលសម្តែងការគួរសម !!!!
ដោយ៖ លោក ភៀង សុភា
ចេញផ្សាយ ថ្ងៃ អង្គារ ៤កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖
នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក ឡេ អាញ់ទន់ មេបញ្ជាការរងអង្គភាពទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរ ចូលជួបសំណេះសំណាលសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ក្នុងឱកាសនៃការខិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងជំនួបនេះ មេបញ្ជាការរងអង្គភាពទ័ពទី៤ បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេស រហូតមានការការរីកចម្រើនយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រជាជនកម្ពុជារស់នៅក្នុងភាពសុខសាន្តសប្បាយរីករាយ។
ជាការឆ្លើយតប ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមជូនពរឆ្នាំថ្មី នាឱកាសនេះ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូន ឯកឧត្តម មេបញ្ជាការអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ផងដែរ។
គួរបញ្ជាក់ថា ជានិច្ចជាកាល កងឯកភាពទាំងពីរតែងបានយកចិត្តទុកដាក់លើកកម្ពស់ស្មារតីមិត្តភាព និងសាមគ្គីភាពទៅវិញទៅមក ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-វៀតណាម៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន