ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គោលការណ៍នៃវប្បធម៌ចែករំលែក គឺសំដៅដល់ការណ៍ដែលអ្នកមានទ្រព្យចែករំលែកទ្រព្យ ហើយអ្នកមានចិត្តអាចផ្តល់ការគាំទ្រផ្នែកស្មារតី, កម្លាំងកាយ និងប្រាជ្ញា !!!!!
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គោលការណ៍នៃវប្បធម៌ចែករំលែក គឺសំដៅដល់ការណ៍ដែលអ្នកមានទ្រព្យចែករំលែកទ្រព្យ ហើយអ្នកមានចិត្តអាចផ្តល់ការគាំទ្រផ្នែកស្មារតី, កម្លាំងកាយ និងប្រាជ្ញា !!!!!
ដោយះ លោក ភៀង សុភា
ថ្ងៃ សៅរ៍ ៨កើត ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២៣
រាជធានីភ្នំពេញះ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិល ស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ភ្នំពេញ, ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣)៖
ខ្ញុំសូមចូលរួមអនុមោទនាបុណ្យ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែមសម្រាប់វត្តជ្រោយអំពិល ដែលមានអាយុកាលជាង ២២០ ឆ្នាំ ដែលបានឆ្លងកាត់ជាច្រើនជំនាន់ទាំងក្នុងសម័យកាលសង្គ្រាមរាំងជលវឹកវរខ្លាំង, សម័យកាលរីកចម្រើនក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ, សម័យកាលជម្លោះបែកបាក់ផ្លាស់ប្តូរបបគ្រប់គ្រង ដែលបាននាំឈានទៅការកាប់សម្លាប់ប្រជាជនខ្មែរខ្លួនឯងយ៉ាងរង្គាលក្នុងរបបខ្មៅងងឹត ៣ ឆ្នាំ ៨ ខែ និង២០ ថ្ងៃ ដោយនៅពេលនោះទីអារាម បានរងនូវការបំផ្លិចបំផ្លាញ ហើយព្រះសង្ឃត្រូវបានចាប់ផ្សឹក និងសាសនាត្រូវបានលុបបំបាត់ទាំងស្រុង។ ឈានមកដល់សម័យតេជោសន្តិភាព, សមិទ្ធផលជាច្រើនត្រូវបានកសាងរីកចម្រើនឡើងវិញទាំងផ្នែកពុទ្ធចក្រអាណាចក្រ និងអាណាចក្រ។ គ្រប់សាសនាទាំងអស់ បានដើរតួនាទីដ៏មានសារៈសំខាន់ក្នុងសង្គម ពីព្រោះថាបើគ្មានសាសនាទេ គឺប្រទេសជាតិនឹងជួបទុក្ខលំបាក ដោយសារប្រជាពលរដ្ឋនឹងប្រព្រឹត្តអំពើខុសឆ្គង ដោយលែងខ្វល់អំពីបុណ្យបាប ហើយសង្គមទាំងមូលនឹងបាត់បង់សីលធម៌ និងគុណធម៌ ដែលជាគុណតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅក្នុងភាពជាមនុស្ស។ គោលការណ៍គ្រឹះរបស់គ្រប់សាសនា គឺបង្រៀនមនុស្សឱ្យប្រព្រឹត្តអំពើល្អ គោរពគ្នា ស្រលាញ់គ្នា និងជួយគ្នាទៅវិញទៅមក។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានទិសដៅលើកកម្ពស់ការគោរពបដិបត្តិសាសនា ដើម្បីពង្រឹងសីលធម៌សង្គម និងជំរុញការចូលរួមចំណែករបស់ប្រជាពលរដ្ឋក្នុងសកម្មភាពសង្គមផ្សេងៗ តាមរយៈវប្បធម៌ចែករំលក ដែលជាប្រពៃណីដ៏ពិសិដ្ឋរបស់ដូនតាខ្មែរតាំងពីបូរាណកាលមក។
គោលការណ៍នៃវប្បធម៌ចែករំលែក គឺសំដៅដល់ការណ៍ដែលអ្នកមានទ្រព្យចែករំលែកទ្រព្យ ហើយអ្នកមានចិត្តអាចផ្តល់ការគាំទ្រផ្នែកស្មារតី, កម្លាំងកាយ និងប្រាជ្ញា ជាមួយនឹងបេះដូងស្មោះត្រង់ និងចែករំលែកជួយគ្នាក្នុងគ្រប់កាលៈទេសៈ។ ឈរលើមូលដ្ឋាននេះ សមិទ្ធផលរបស់សង្គមជាតិបានចាប់ផ្តើមរីកដុះដាលឆាប់រហ័ស នៅក្រោយពេលដែលប្រទេសយើងបានទទួលសុខសន្តិភាពពេញលេញ នៅក្រោម គោលនយោបាយដឹកនាំប្រកបដោយធម៌របស់ សម្តេចតេជោ ដែលតែងផ្តោតជានិច្ចលើការកសាងអំពើជាកុសល ព្រមទាំងការអភិវឌ្ឍ ដើម្បីបង្កើតជាផលឱ្យសង្គមជាតិរុងរឿង និងប្រជាជនមានបាន។
ហើយសមិទ្ធផលសន្តិភាព និងស្ថិរភាព ដូចដែលយើងកំពុងមានបច្ចុប្បន្ននេះ គឺជាពរជ័យ និងជាទ្រព្បសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ជាតិ និងប្រជាជន ដែលយើងទាំងអស់គ្នាអាចមើលឃើញយ៉ាងជាក់ស្តែង ធៀបនឹងអតីតកាលដ៏សែនជូរចត់ខ្លោចផ្សាដែលជាតិខ្មែរយើងធ្លាប់បានហែលឆ្លងកាត់អស់រយៈកាលជាង ៥០០ ឆ្នាំកន្លងមក នៅមុនសម័យតេជោសន្តិភាពនេះ។ សន្តិភាព បានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់បន្តរួបរួមក្នុងធ្លុងសាមគ្គី ដើម្បីបន្តថែរក្សាសន្តិភាព និងភាពសុខសាន្តសុខដុមរមនារបស់សង្គមជាតិយើងឱ្យបានគង់វង្សតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈការបន្តផ្តល់ទំនុកចិត្តចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដូចដែលយើងធ្លាប់ទទួលបានភាពកក់ក្តៅអស់រយៈកាលជាង ៤០ ឆ្នាំនេះ កន្លងមកហើយ៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន