សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសហការជាមួយក្រសួង-ស្ថាប័ណ្ណ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់ជុំវិញបឹងទន្លេសាប និងការកាត់បន្ថយហានិភ័យទាំងទ្បាយ បង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ !!!!!
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសហការជាមួយក្រសួង-ស្ថាប័ណ្ណ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់ជុំវិញបឹងទន្លេសាប និងការកាត់បន្ថយហានិភ័យទាំងទ្បាយ បង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ !!!!!
ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយ ថ្ងៃ ពុធ ២ កើត ខែ ចេត្រ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖
នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។
មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទឹកគឺជាធនធានដ៏មានសារៈសំខាន់ សម្រាប់ទ្រទ្រង់ភាវៈមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ប៉ុន្តែ ធនធានទាំងនេះកាន់តែខ្សត់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារសកម្មភាពអវិជ្ជមានរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក គុណភាពទឹក និងបន្តដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី ។ ទន្ទឹមនេះ កម្ពុជាក៏ដូចជាបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ និងសកលលោក ក៏បាន និង កំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអាចជួបប្រទះនូវភាពមិនប្រាកដប្រជានៃប្រភពធនធានទឹកនាពេលអនាគត ប្រសិនបើគ្មានកិច្ចសហការទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ ។ ក្នុងន័យនេះ ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិ គឺជាការចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ។ ជាក់ស្ដែង, នៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅក្នុងគោលដៅទី ៦ ស្តីពី «ធានាឱ្យមានលទ្ធភាព និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងអនាម័យសម្រាប់ទាំងអស់គ្នា» ។ ដើម្បីចូលរួមចំណែកសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលតែងតែយល់ដឹងអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ដើម្បីធានាបាននូវសន្តិសុខទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេស ការបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការឈានទៅសម្រេចនូវគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញផងដែរនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការសំខាន់ៗ សំដៅធានាបាននូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការដាក់ចេញនូវ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានទឹក និងឧតុនិយមរយៈពេលមធ្យម និងវែង» ។ ទាំងនេះ គឺជាការប្តេជ្ញាខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ ។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍ដល់ក្រសួងធនធានទឹក និងឧតុនិយមត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប និងជំរុញបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់១ តំបន់២ និង តំបន់៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រាននានាក្នុងតំបន់ទាំងនោះ ដើម្បីធានាបាននូវផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាច្រើនជំនាន់ទៅទៀត ។ ជាមួយគ្នាផងដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយហានិភ័យទាំងទ្បាយ បង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនានា ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តប្រកបដោយគុណភាព ក្នុងនេះអាទិភាពចម្បង គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់នានា ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការជន់លិចទីក្រុងភ្នំពេញ ហើយជំហានបន្ទាប់ គឺក្រុងនានាតាមបណ្តាខេត្ត ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នក្រោមឱវាទ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានទឹក និងឧតុនិយម ព្រមទាំងធនធានពាក់ព័ន្ធដទៃទៀតយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យធនធានទឹក និងជំរុញកម្ពុជាឆ្ពោះទៅ «ជាប្រទេសមួយដែលធានាបាននូវសន្តិសុខទឹក ទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ» ៕
ដោយ៖ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/