ព័ត៌មានជាតិ

ក្រុមហ៊ុន RMA Cambodia ប្រារព្ធពិធីសម្ពោធជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា !!!!

ក្រុមហ៊ុន RMA Cambodia ប្រារព្ធពិធីសម្ពោធជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ២ រោច ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ជាច្រករបៀងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ កម្មវិធីនេះបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ កម្មវិធីសម្ពោធជាផ្លូវការនេះ ក៏មានវត្តមានអញ្ចើញចូលរួមពីសំណាក់ថ្នាក់នាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និង ក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាច្រើន។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត លោកបានថ្លែងអរគុណចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុកប្រកបដោយសក្តានុពល ដោយយោងទៅលើស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋដូចពេលបច្ចុប្បន្ន។

ឯកឧត្តម បានបញ្ជាក់ថា ការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ជាពេលនេះ គឺជាមោទនភាពមួយសម្រាប់អ្នកមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្នុងការទទួលស្វាគមន៍វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបមួយនេះ ដែលពិតជាបានចូលរួមបង្កើនឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍, ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញ និងបែបបទស្តង់ការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដោយមិនមែនត្រឹមតែជាការជំរុញកំណើនសេដ្ឋកិច្ចជាតួលេខ មួយមុខនោះឡើយ ហើយទាំងនេះ ក៏សុទ្ធសឹងជាមូលដ្ឋាន ដើម្បីជាការត្រៀមខ្លួនចូលរួមប្រកួតប្រជែងទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ ។

ឯកឧត្តម ក៏បានរំលេចផងដែរថា រោងចក្រនេះ គឺជាគំរូនៃឱកាសជោគជ័យមួយ ដែលនឹងដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងលើកទឺកចិត្តដល់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ជាពិសេសការវិនិយោគនៅក្នុងវិស័យយានយន្ត ក្នុងពេលអនាគតទៀត។ ក្នុងន័យនេះ ឯកឧត្តម ក៏បានអំពាវនាវដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជាជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ នាពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងចំណងមិត្តភាពរវាងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរយៈពេលរាប់ទសវត្សរ៍កន្លងមកនេះ និងបានថ្លែងអំណរគុណសហរដ្ឋអាមេរិក ចំពោះកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម-វិនិយោគ ដែលពិតជាបានផ្តល់នូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។ មួយវិញទៀត ទំនាក់ទំនងទ្វេភាគីតាមរយៈវិស័យឯកជននេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ នៅក្នុងការបង្កើនទំនុកចិត្តរយៈពេលវែងរវាងប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជានិរន្តរភាពនៃការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

យោងតាមប្រសាសន៍របស់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia រោងចក្រដំឡើងរថយន្ត FORD នេះ នឹងចូលរួមចំណែកអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ស្របតាមស្តង់ដារអន្តរជាតិ ក្នុងសម័យសាកលភាវូបនីយកម្មបច្ចេកវិទ្យា។ ក្រុមហ៊ុន RMA Cambodia មិនត្រឹមតែផ្ដល់នូវឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋានប្រមាណជាង ៥០០ កន្លែងប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់រោងចក្រនេះ ក៏បានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្ម និងការបង្កើតឱកាសការងារដោយប្រយោលផងដែរ។

ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់ និងចែកចាយផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានពង្រីកអាជីវកម្មលើវិស័យយានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារ។ ក្រុមហ៊ុន RMA CAMBODIA បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលរថយន្តម៉ាក FORD, JAGUAR LAND ROVER, CHANGAN, រថយន្តធុនធ្ងន់ម៉ាក FUSO, គ្រឿងយន្តកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រឧស្សាហកម្មម៉ាក JCB, រថយន្ត និងឧបករណ៍សម្អាតម៉ាក HAKO, ឧបករណ៍លើកដាក់ទំនិញម៉ាក TCM, ក្រុមហ៊ុន COMIN KHMERE ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកវិស្វកម្ម, ក្រុមហ៊ុនជួលរថយន្តម៉ាក AVIS និង Budget, ក្រុមហ៊ុនកង់បីអ៊ីតាលីម៉ាក Piaggio, ក្រុមហ៊ុនចំណីអាហារ EFG ដែលមានក្រុមហ៊ុន The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងកម្មវិធីបញ្ជាទិញអាហារ Hungry App៕

 

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button