ច្បាប់ផ្សេងៗព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ខ្ញុំសូមនាំ មកនូវ ការផ្តាំផ្ញើ ការអបអរសាទរពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើនក្នុងថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ សម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ខ្ញុំសូមនាំ មកនូវ ការផ្តាំផ្ញើ ការអបអរសាទរពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើនក្នុងថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ សម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ !!!!

ដោយ៖ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ សុក្រ ១៥ រោច ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ៖

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា និងបណ្ណាល័យ នៃគ្រឹះស្ថានសិក្សាចំនួន ៣ រួមមាន វិទ្យាល័យជាស៊ីមឈូកវ៉ា ខណ្ឌព្រែកព្នៅ វិទ្យាល័យជាស៊ីមសាមគ្គី ខណ្ឌទួលគោក និងសាលាបឋមសិក្សាក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅ ថ្ងៃទី០១ខែមេសាឆ្នាំ២០២២ដែលឯកឧត្តម បានមានប្រសាសន៍
ថា :

ខ្ញុំសូមនាំមកនូវការផ្តាំផ្ញើការអបអរសាទរពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើនក្នុងថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ សម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ និងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចទាំងពីរ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរអំពីការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះធនធានមនុស្ស។ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អគារសិក្សាដែលជាអំណោយរបស់សម្តេចទាំងពីរមានប្រមាណជិត ៥,០០០ ខ្នង ហើយក្នុងនាមនាយករដ្ឋមន្ត្រី សម្តេចតេជោ ក៏តែងបានផ្តល់អាទិភាពលើកត្តាមនុស្ស ដោយបានណែនាំឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធអប់រំនៅគ្រប់ទីកន្លែងទាំងអស់ទាំងទីក្រុង និងជនបទ ជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ជាប់ព្រំដែន។

ឯកឧត្តម បណ្ឌិត បានបន្តទៀតថា ការសម្ពោធ គឺជានិមិត្តរូបនៃការអបអរសាទរ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺជាផលជាក់ស្តែងនៃការប្រើប្រាស់សមិទ្ធផលទាំងនេះ ដើម្បីបម្រើដល់វិស័យអប់រំ ដែលជាវិស័យអាទិភាពសំខាន់ រួមចំណែកក្នុងធានានិរន្តភាពនៃការអភិវឌ្ឍ និងឯករាជ្យម្ចាស់ការរបស់ប្រទេសយើង ដែលកំពុងបន្តវិវឌ្ឍរីកចម្រើនទៅមុខទាំងផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសភាពជឿនលឿននៃបច្ចេកវិទ្យា។ ឯករាជ្យម្ចាស់ការក្នុងន័យនេះ សំដៅដល់សមត្ថភាពរបស់កូនខ្មែរក្នុងការដឹកនាំគ្រប់គ្រង លើគ្រប់វិស័យទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ព្រោះចំណេះវិជ្ជា ជាសិទ្ធិអំណាច ជាឥទ្ធិពល និងជាលទ្ធភាពនៃជម្រើសក្នុងការគ្រប់គ្រងដំណើរជីវិតរបស់យើង។ ទន្ទឺមគ្នានេះ ការទទួលបានឱកាសនៃការអប់រំស្មើគ្នាសម្រាប់បុរស-ស្ត្រី ក៏បាននាំមកនូវសង្គមមួយដែលមានសមភាព ការប្រកួតប្រជែង និងភាពច្នៃប្រឌិតខ្ពស់ ដែលជាចលករនៃការអភិវឌ្ឍរីកចម្រើនជឿនលឿន ដូចដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ន។

នៅក្នុងឪកាសដ៏វិសេសវិសាលនេះ ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍បន្តទៀតថាការអប់រំ គឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុតរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗបានទៅរៀនសូត្រនៅសាលា ហើយទោះបីជាមានកម្រិតជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូដើម្បីឱកាសសិក្សារបស់កូនៗ។ រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គ្រប់អាណត្តិកន្លងមក តែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ ដោយអនុវត្តសម្រេចបានសមិទ្ធផលជាច្រើន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនេះ គឺមិនមែនមានតែនៅក្នុងអត្ថបទគោលនយោបាយនោះទេ។ មកដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើនទាំងផ្អែកទាំងផ្នែកបរិមាណ និងគុណភាព ដោយមានសាលាគ្រប់ភូមិសិក្សានៅទូទាំងប្រទេស លោកគ្រូ-អ្នកគ្រូក៏ច្រើន និងសិស្សក៏ច្រើន ព្រមទាំងមានកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារល្អទំនើប។

ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ពិតណាស់ ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការសំខាន់មួយនៅក្នុងការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ឱ្យដល់ក្មួយៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន ដែលទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវចំណុចអវិជ្ជមានមួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញអ៊ីនធើណេតជាដើម។

នៅចុងបញ្ចប់ ឯកឧត្តម បណ្ឌិត បានថ្លែងបន្ទថា ជាទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំតាមគ្រប់លទ្ធភាព និងក៏បានបើកចំហរឱ្យមានការចូលរួមរបស់វិស័យឯកជនផងដែរសំដៅបង្កើនការប្រកួតប្រជែងនៅក្នុងវិស័យនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មានចំណេះដឹង និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button